Meta បន្ថែមមុខងារថ្មីដើម្បីជួយអ្នកបង្កើតមាតិការកលុយនៅលើ Instagram បានកាន់តែច្រើន

កាលពីថ្ងៃពុធ ទី៣ នេះ ក្រុមហ៊ុន Meta Platforms បាននិយាយថា ខ្លួនកំពុងបន្ថែមមុខងារថ្មីៗជាច្រើនដល់ Instagram រួមទាំងឧបករណ៍ (Tool) សម្រាប់ធ្វើពាណិជ្ជកម្មឌីជីថល ក្នុងការផ្លាស់ប្តូរដែលនឹងជួយអ្នកបង្កើតមាតិការកប្រាក់ពីវត្តមានរបស់ពួកគេនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម។ ក្រុមហ៊ុនបាននិយាយថា អ្នកប្រើប្រាស់អាចគាំទ្រអ្នកបង្កើតបានក្នុងពេលឆាប់ៗនេះ ដោយទិញ NFTs ដោយផ្ទាល់នៅក្នុង Instagram។ ក្រុមហ៊ុនបានបន្ថែមថា មុខងារថ្មីនេះនឹងត្រូវបានសាកល្បងជាមួយនឹងក្រុមអ្នកបង្កើតមួយចំនួននៅសហរដ្ឋអាមេរិក ហើយក្រុមហ៊ុនមានគម្រោងពង្រីកទៅកាន់ប្រទេសជាច្រើនទៀតក្នុងពេលឆាប់ៗនេះ។ Meta បានដាក់ចេញនូវមុខងារជាច្រើនទៀតសម្រាប់អ្នកប្រើប្រាស់ក្នុងការរកប្រាក់នៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដើម្បីប្រគួតប្រជែងជាមួយ TikTok និងកម្មវិធីផ្សេងៗទៀត ខណៈវេទិកាទាំងនេះបានទាញយកឥទ្ធិពលពីការផ្សាយពាណិជ្ជកម្មលើវេទិការខ្លួន។ ទន្ទឹមនឹងការជំរុញនេះ Meta បាននិយាយថា ខ្លួនកំពុងពង្រីកការចូលប្រើការជាវនៅលើ Instagram ទៅកាន់អ្នកបង្កើតដែលមានសិទ្ធិទាំងអស់នៅក្នុងសហរដ្ឋអាមេរិក ដើម្បីជួយឱ្យពួកគេទទួលបានប្រាក់ចំណូលដែលអាចព្យាករណ៍បានកាន់តែច្រើននៅលើកម្មវិធីចែករំលែករូបថតដ៏ពេញនិយមនេះ។ Meta ក៏ធ្លាប់បាននិយាយអំពីការរកលុយនៅលើ Instagram ដោយចាប់ផ្តើមជាមួយ Instagram Reels ដូច្នេះអ្នកបង្កើតមានវិធីថ្មីដើម្បីរកប្រាក់ពីអ្នកគាំទ្ររបស់ពួកគេបានផងដែរ៕